facebookyoutubetiktok
MPL KH
PRO Esports តំណាងឱ្យប្រទេសកម្ពុជាក្នុង MSC 2026

16.06.2026

PRO Esports តំណាងឱ្យប្រទេសកម្ពុជាក្នុង MSC 2026

ក្រុមកីឡាអេឡិចត្រូនិក PRO Esports បានគ្រងជើងឯកលីគអាជីពកីឡាអេឡិចត្រូនិក MPL Cambodia រដូវកាលទី១០ លើកដំបូងបង្អស់ បន្ទាប់ពីផ្តួលក្រុម Galaxy Legends លទ្ធផល ៤-០ ក្នុងជំនួបផ្តាច់ព្រ័ត្រនៅថ្ងៃទី១៧ ខែឧសភា។ PRO Esports ទទួលបានឱកាសក្នុងនាមជាក្រុមតំណាងឱ្យកម្ពុជា ទៅប្រកួត Mid Seasons Cup 2026 ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកកម្រិតពិភពលោក Esports World Cup 2026 នៅប្រទេសបារាំង។


នៅការប្រកួត MPL Cambodia រដូវកាលទី១០ ក្រុម PRO Esports ជាក្រុមខ្លាំងមួយចាប់តាំងពីការប្រកួតវគ្គសន្សំពិន្ទុ ​Regular Season ដោយពួកគេប្រកួតមិនចាញ់សូម្បីមួយប្រកួត។ លុះចូលការប្រកួតក្នុងវគ្គជម្រុះដណ្តើមពាន (Playoffs) ក្រុម PRO Esports ភ្លាត់ចាញ់ការប្រកួតម្តង ទល់នឹងក្រុម Galaxy Legends លទ្ធផល ៣-០ អំឡុងការប្រកួតវគ្គ Final Upper Bracket។ 

បរាជ័យនោះ ជាពេលវេលាដ៏លំបាក និងសឹងតែធ្វើឱ្យក្តីសង្ឃឹមទៅដណ្តើមពានរបស់ PRO Esports រសាត់ឆ្ងាយ។ 

យ៉ាងណាមិញ PRO Esports ទោះធ្លាក់ទៅប្រកួតនៅវគ្គ Final Lower Bracket ប៉ុន្តែពួកគេអាចប្រកួតយកឈ្នះក្រុម CFU Gaming ជាក្រុមការពារជើងឯក នៅក្នុងលទ្ធផល ៤-៣ ដ៏តានតឹង រហូតរកបានឱកាសត្រឡប់ឡើងទៅវគ្គផ្តាច់ព្រ័ត្រ​វិញ។ ឈានជើងចូលជំនួបផ្តាច់ព្រ័ត្រ PRO Esports បានបង្ហាញទម្រង់លេងល្អខ្លាំង ការយល់ចិត្តគ្នារវាងកីឡាករ និងការរៀបចំយុទ្ធសាស្ត្រក្នុងការរើសតួអង្គប្រកួតបានល្អពីគ្រូបង្វឹក ជួយឱ្យក្រុមមួយនោះសងសឹងក្រុម Galaxy Legends វិញបាន​ ក្នុងលទ្ធផល ៤-០ គ្មានការតដៃវិញបាន ហើយក៏គ្រងជើងឯក MPL KH រដូវកាលនេះ។

pro esports with cup

នេះជាការគ្រងជើងឯកលើកដំបូងបង្អស់សម្រាប់ក្រុម PRO Esports ចាប់តាំងពីក្រុមមួយនេះ បានចូលប្រលូកក្នុងវិស័យកីឡាអេឡិចត្រូនិក និងលីគអាជីព MPL KH ចាប់តាំងពីរដូវកាលទី៤ មក។ លើសពីនេះ វាក៏ជាកំណត់ត្រាថ្មីបន្ថែមទៀតសម្រាប់ PRO Esports បន្ទាប់ពីរដូវកាលទី៩ ពួកគេធ្វើបានល្អដែរ ដោយបានបញ្ចប់ចំណាត់ថ្នាក់លេខ ៣។

បន្ទាប់ពីក្លាយជាជើងឯករួច ក្រុម PRO Esports ក៏នឹងមានភារកិច្ចជាក្រុមតំណាងឱ្យកម្ពុជា​ ធ្វើដំណើរទៅកាន់ការប្រកួតពានរង្វាន់ MSC 2026 ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក Esports World Cup (EWC) 2026 នៅប្រទេសបារាំង។ ដើមឡើយព្រឹត្តិការណ៍ EWC 2026 នឹងត្រូវរៀបចំនៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែអ្នករៀបចំក៏បានសម្រេចចិត្តផ្លាស់ប្តូរទៅរៀបចំនៅទីក្រុងប៉ារីស ប្រទេសបារាំងវិញ ព្រោះតែមូលហេតុបារម្ភចំពោះការធ្វើដំណើររបស់កីឡាករ ដែលឆ្លងកាត់តំបន់មជ្ឈិមបូព៌ាដែលកំពុងតែមានសង្គ្រាម។

សម្រាប់ការប្រកួត MPL KH ចំនួន ១០រដូវកាលមកនេះ ក្រុមដែលបានសាងកេរ្តិ៍ឈ្មោះជាក្រុមជើងឯកប្រចាំលីគអាជីពកីឡាអេឡិចត្រូនិកនៅកម្ពុជា រួមមានក្រុម See You Soon ចំនួន ៣លើក, Burn x Flash ចំនួន ២លើក, CFU Gaming ចំនួន​៣លើក, Impunity KH ១លើក និងចុងក្រោយ PRO Esports

ព័ត៌មានផ្សេងទៀត

Infinix
Cellcard